អ្នកនិពន្ធ

B2B Park

Popular Blogs

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ពិព័រណ៍​ថ្មី​មួយ​ នឹង​បើក​ដំណើរការ​ឆ្នាំក្រោយ

បានប្រកាសនៅ Business នៅSeptember 23 2019 at 09:17 AM

ភ្នំពេញៈ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​តាំងពិព័រណ៍​លំដាប់​អន្តរជាតិ B2B Park ដែលជា​ការវិនិយោគ​ដោយ​វិនិយោគិន​ក្នុងស្រុក​ស្ថិត​តាម​មហាវិថី​ហាណូយ​ក្នុង​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​គ្រោង​នឹង​បើក​ដំណើរការ​ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២០ ខាងមុខ ខណៈ​ការសាងសង់​គម្រោង​ទាំងមូល​នឹង​រួចរាល់​នៅ​ចុង​ឆ្នាំនេះ​។

មជ្ឈមណ្ឌល B2B Park សាងសង់​លើ​ផ្ទៃដី​ជាង ២ ហិកតា​ដោយ​មាន​អគារ​ធំ​មួយ​ដែល​មាន​កម្ពស់ ៦ ​ជាន់​ដែល​នឹងត្រូវ​ប្រើប្រាស់​ជា​កន្លែង​លក់ទំនិញ​ទូទៅ ឧបករណ៍​អេឡិចត្រូនិក កន្លែង​តាំងពិព័រណ៍ រោងភាពយន្ត និង​ការិយាល័យ​ជួល​ជាដើម​។ ចំណតរថយន្ត​ក្នុង​គម្រោង​នេះ​អាច​ចត​បាន​រថយន្ត​ជាង​ ៥០០ ​គ្រឿង​។

លោក ធួន ស៊ីណាន អគ្គនាយក B2B Park បាន​ប្រាប់ថា បច្ចុប្បន្ន​ក្នុង​រាជធានី​ភ្នំពេញ​ក្រៅពី​កោះពេជ្រ គេ​នៅ​មិន​ទាន់​ឃើញ​មាន​កន្លែង​ណា​ដែល​មាន​ភាព​ស័ក្តិសម​សម្រាប់​រៀបចំ​ពិព័រណ៍​លំដាប់​អន្តរជាតិ​នៅឡើយ​ទេ​។ លោក​បន្តថា B2B Park នឹង​ក្លាយ​ជា​ផ្នែក​មួយ​ដ៏សំខាន់​ក្នុងការ​ផ្តល់​កន្លែង​លក់ទំនិញ និង​កន្លែង​តាំងពិព័រណ៍​លំដាប់​អន្តរជាតិ​នៅ​ប៉ែក​ខាងជើង​រាជធានី​ភ្នំពេញ​។

ដោយ​បដិសេធ​បង្ហាញ​ទំហំ​វិនិយោគ លោក​ថ្លែង​ថា​៖ «​កង្វះខាត​កន្លែង​រៀបចំ​ពិព័រណ៍​ជា​លក្ខណៈ​អន្តរជាតិ​គឺជា​មូលហេតុ​ចម្បង​ដែល​ជំរុញ​ឲ្យ​ខ្ញុំ​បណ្តាក់ទុន​លើ​គម្រោង​នេះ​»​។ លោក​បន្ថែម​ថា​ដោយសារ​ប្រភេទ​ទីផ្សារ និង​ទីតាំង​របស់ B2B Park មាន​លក្ខណៈផ្សេង​ពី​គេ និង​មិន​ប្រកួតប្រជែង​ជាមួយ​ផ្សារទំនើប​ដែល​មាន​ស្រាប់ ដូច្នេះ​គម្រោង​នេះ​នឹង​អាច​ទាក់ទាញ​អតិថិជន​បាន​ច្រើន​។

បើ​តាម​លោក ស៊ីណាន បច្ចុប្បន្ន​មាន​អតិថិជន​ជាច្រើន​បាន​មក​ទាក់ទង​ក្រុមហ៊ុន​ដើម្បី​ស្វែងរក​ទីតាំង​សម្រាប់​ដាក់លក់​ផលិតផល​របស់ខ្លួន​។

លោក ច្រឹក សុខនីម ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​កាលពី​ម្សិលមិញ​បាន​និយាយ​ថា កំណើន​ប្រាក់​ចំណូល និង​ការចង់​ស្វែងរក​ផលិតផល​ថ្មី ទំនើបៗ​របស់​ប្រជាជន​ខ្មែរ​បាន​ធ្វើឲ្យ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​កន្លែង​តាំងពិព័រណ៍​មាន​ទីផ្សារ​ល្អ​ជា​បន្តបន្ទាប់​។ លោក​បន្តថា ការមក​ដល់​ផ្សារ​លំដាប់​អន្តរជាតិ Aeon 2, Macro និង Global House បាន​ធ្វើ​ឲ្យ​ស្ថានភាព​នៃ​តំបន់​ភ្នំពេញ​ថ្មី​មាន​ការផ្លាស់ប្តូរ​យ៉ាង​លឿន​ដែល​មិន​នឹកស្មាន​ដល់​។

លោក​បាន​ឲ្យ​ដឹង​ទៀតថា ខណៈ​ការធ្វើ​ដំណើរ​ពី​តំបន់​ជាយក្រុង​មក​កាន់​កណ្តាល​ក្រុង​កាន់តែ​ពិបាក​ដោយសារ​តែ​ការកកស្ទះ​ចរាចរណ៍​នោះ ដូច្នេះ​វា​កំពុង​ធ្វើឲ្យ​ឥរិយាបថ​របស់​ប្រជាជន​ងាក​ទៅ​រក​ទីតាំង​ណា​ដែល​នៅ​ជិត​កន្លែង​លំនៅឋាន និង​កន្លែង​ធ្វើការ​វិញ​។

លោក​ថ្លែង​ថា​៖ «​សម្រាប់​គម្រោង​មាន​ភាពចម្រុះ​នេះ ខ្ញុំ​គិត​ថា​នឹង​អាច​ទាក់ទាញ​អតិថិជន​បាន​ច្រើន ព្រោះ​ទីនោះ​កំពុង​ក្លាយ​ជា​កន្លែង​ដែល​មាន​មនុស្ស​រស់នៅ​ច្រើន​នាពេល​នេះ​»​។ លោក​បន្ថែម​ថា​បច្ចុប្បន្ន​ដី​តាម​បណ្តោយ​ផ្លូវ​ហាណូយ​មាន​តម្លៃ​ពី ២ ០០០-២ ៥០០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ​៕ LA

 

ប្រភព ៖ Postkhmer

យោបល់ (0)

គ្មានការចូល
gif