នៅក្មេងសោះ វិនិយោគធ្វើអី?

បានប្រកាសនៅ Business នៅJune 04 2021 at 04:11 PM
 
នេះប្រហែលជាអ្វីដែលយើងបានលឺច្រើនដងពីអ្នកនៅជុំវិញ ឬជាអ្វីដែលអ្នកកំពុងប្រាប់ខ្លួនឯង នៅពេលដែលនិយាយដល់ប្រធានបទវិនិយោគ និងការគ្រប់គ្រងហិរញ្ញវត្ថុ។ ត្រឹមត្រូវណាស់ ក្នុងភាពជាយុវវ័យ យើងគួរផ្ដោតលើការសាកល្បងអ្វីដែលថ្មី ទទួលយកបទពិសោធន៍ឲ្យបានច្រើន និងរីករាយនឹងជីវិតឲ្យបានច្រើន។ ប៉ុន្តែ ក៏មិនមានន័យថាមិនចាំបាច់ត្រូវគិតគូររឿងលុយកាក់នោះដែរ។ ទាន់នៅក្មេង យើងគួរសិក្សាពីការវិនិយោគ និងចាប់ផ្តើមវិនិយោគម្ដងបន្តិចៗទៅ ព្រោះថា៖
 
១. លុយឥឡូវថ្លៃជាងលុយអនាគត៖
 
ដូចយើងដឹងស្រាប់ហើយ ដោយសារតែអតិផរណា លុយកាន់តែចុះថ្លៃទៅបន្តិចម្ដងៗ។ បើទុកចោលយូរៗទៅ លុយយើងនឹងធ្លាក់តម្លៃ (ធ្លាក់សមត្ថភាពទិញ)។ ម្យ៉ាងទៀត បើអ្នករិនិយោគ $១០០ ក្នុងថ្ងៃនេះ ហើយបានកំណើនមធ្យម ១០%/ឆ្នាំ ដល់ឆ្នាំ ២០៥០ អ្នកនឹងបាន $១,៥៨៦។ តែបើចាំ ១០ឆ្នាំទៀតទើបវិនិយោគ$១០០ អ្នកនឹងបានត្រឹមតែ $៦១១ ប៉ុណ្ណោះ។
 
២. ទាន់នៅក្មេង មិនទាន់មានបន្ទុកហិរញ្ញវត្ថុច្រើន៖
 
បើចាំអាយុច្រើនបន្តិចទៀតទៅ អ្នកទាំងអស់គ្នាអាចមានគ្រួសារ មានបន្ទុកហិរញ្ញវត្ថុច្រើនត្រូវផ្គត់ផ្គង់ តាំងពីថ្លៃម្ហូប សាលារៀនកូន ថ្លៃពេទ្យ សម្ភារៈចាំបាច់ផ្សេងៗក្នុងគ្រួសារជាដើម។ ទាំងអស់នេះអាចឲ្យអ្នកកាន់តែរាររែកក្នុងការវិនិយោគ ដោយសារតែខ្លាចហានិភ័យ។
 
៣. ទាន់នៅក្មេង អាចមានពេលច្រើនក្នុងការរៀន និងសាកល្បង៖
 
ការវិនិយោគតែងមានកំហុស ជាពិសេសនៅពេលចាប់ផ្ដើមដំបូង ដូចការរៀនសូត្រ ចាប់ផ្តើមធ្វើអ្វីៗផ្សេងទៀតដែរ។ អញ្ចឹងហើយ ទាន់នៅក្មេង បើមានកំហុស មានការខាតបង់ក្នុងរយៈពេលខ្លី ក៏នៅមានពេលកែតម្រូវទាញយកចំណេញ មកវិញដែរ។
 
៤. តក់ៗ​ ពេញបំពង់៖
 
អ្នកទាំងអស់គ្នាអាចចាប់ផ្តើមដាក់លុយវិនិយោគម្តងបន្តិចៗរៀងរាល់ខែ ឬត្រីមាសទៅ ទំរាំចាស់ទៅមានកំណើនគួរសម សម្រាប់តម្រូវការពេលចូលនិវត្តន៍ជាដើម។ បើចាំអាយុច្រើន ចាំគិតគូរ ពេលវេលាក៏កាន់តែខើចតាមហ្នឹងដែរ។
 
ការវិនិយោគ មិនមែនជាអ្វីសម្រាប់តែអ្នកមានវ័យចំណាស់នោះទេ។ ការវិនិយោគ មិនមែនជាអ្វីដែលចាប់ផ្ដើមនៅពេលមានលុយសល់ហូរហៀរនោះទេ។ ការវិនិយោគ អាច និងគួរតែចាប់ផ្ដើមកាន់ពីក្មេងទៅ ហើយចាប់ផ្តើមបន្តិចម្ដងៗទៅ ដើម្បីជាទម្លាប់សន្សំតាំងពីក្មេង និងកសាងទ្រព្យសម្បត្តិផ្ទាល់ខ្លួនសម្រាប់ថ្ងៃអនាគត។
បញ្ជាក់៖​ អេដមីន មិនមែនប្រាប់ឲ្យអ្នកទាំងអស់គ្នានាំគ្នាទិញភាគហ៊ុន ទិញគ្រីបតូ ឬជួញដូរទ្រព្យផ្សេងៗភ្លាមៗទេណា! មុននឹងវិនិយោគ ត្រូវមានចំណេះដឹង ការយល់ដឹងឲ្យបានច្បាស់ពីការវិនិយោគទូទៅ និងទ្រព្យវិនិយោគសិន។ ជាពិសេសគឺ វិនិយោគតែជាមួយលុយដែលអ្នកទាំងអស់គ្នាមិនចាំបាច់សម្រាប់ការរស់នៅប៉ុណ្ណោះ មិនមែនដាក់លុយវិនិយោគទាំងអស់ ហើយជំពាក់គេនោះទ។
 
Cr. Luybook

យោបល់ (0)

គ្មានការចូល
gif