អ្នកនិពន្ធ

Kerry Leng

ស្លាក

Popular Blogs

ចង់រកស៊ី តែមិនដឹងលក់អី? គួរចាប់ផ្តើមអាជីវកម្មបែបណា?

បានប្រកាសនៅ Business នៅJune 06 2021 at 02:50 PM
 
សំណួរនេះគឺជាសំណួរដែលយើងតែងតែលឺញាក់ញាប់ ហើយក៍ជាសំណួរដែលពិបាករកចម្លើយដែរ។ មានមនុស្សជាច្រើនដែលចង់រកស៊ី តែមិនដឹងលក់អី គិតចុះគិតទ្បើងក្រញ៉ាញ់ខួរ ក៍កើតជំងឺស៊ុញ។ ខាងក្រោមនេះខ្ញុំនឹងផ្តល់ជាគន្លឹះមួយចំនួន ដើម្បីជាជំនួយក្នុងការសម្រេចចិត្តជ្រើសរើសមុខរបរមុននឹងចាប់ផ្តើម៖​

 

ការជ្រើសរើសទី០១៖ ជ្រើសរើសផលិតផលតម្រូវតាមទីផ្សារ​ មានន័យថា ទីផ្សារមានតម្រូវការផលិតផលអី យើងលក់ផលិតផលនោះ។

ការជ្រើសរើសទី០២៖ លក់ផលិតផលអ្វីដែលជាភាពខ្លាំងរបស់យើង មានន័យថាបើយើងមានជំនាញ ខាងថែរក្សារសម្រស់ យើងស្រលាញ់ការថែរក្សារសម្រស់ យើងលក់ថែរក្សារសម្រស់ឬប្រសិនបើយើងចូលចិត្តហាត់ប្រាណ យើងលក់ផលិតផលសម្រាប់បំរើអ្នកកីទ្បាជាដើម។

ការជ្រើសរើសទី០៣៖ លក់ផលិតផលទាំងទ្បាយណា ដែលយើងមានជំនាញនិងចំណង់ចំណូលចិត្តលើវា និងមានតម្រូវការសម្រាប់ក្រុមមនុស្សណាមួយ។​

 

ក្នុងចំណោមជំរើសទាំងបីខាងលើ លោកអ្នកប្រហែលជាគិតថា ជំរើសទីបី ជាជំរើសដែលល្អបំផុត ព្រោះអាចលក់ផលិតផលដែល ជាចំណង់ចំណូលចិត្តយើងផង និងត្រូវតាមទីផ្សារផង​។ តែការចាប់ផ្តើមបំបែក រណាំងនេះមិនជារឿងងាយស្រួលនោះទេ វាទាមទារអោយយើង ស្គាល់ខ្លួនឯងអោយបានច្បាស់ (ស្គាល់ពីភាពខ្លាំង ភាពខ្សោយ ឱកាសនិងការគំរាមគំហែង) ត្រូវធ្វើការសិក្សារទីផ្សារ អោយបានច្បាស់លាស់មុននឹងចូលទីផ្សារ។ យ៉ាងហោចណាស់ក៍ត្រូវមានផែនការអាជីវកម្មសមញ្ញមួយសម្រាប់ខ្លួនឯង ដើម្បីងាយស្រួលក្នុងការ គ្រប់គ្រងកញ្ចប់ថវិការអោយបានត្រឹមត្រូវ។

 

ទុនចាប់ផ្តើមអាជីវកម្មដំបូង៖ ទុនចាប់ផ្តើមអាជីវកម្មដំបូងរូមបញ្ជូលទាំង ថ្លៃជួលទីតាំង(ប្រសិនបើជួលទីតំាងគេ) ការតុបតែងហាង សំភារៈប្រើប្រាស់ក្នុងហាង ការចំណាយលើផលិតផលសម្រាប់ដាក់តាំងលក់ក្នុងហាង បន្ទាប់ពីធ្វើការគណនា ទុនសរុបដើម្បីចាប់ផ្តើមអាជីវកម្ម រួច យើងត្រូវធ្វើការគណនា ចំណាយប្រតិបត្តិការប្រចាំខែ។

 

ចំណាយប្រតិបត្តិការប្រចាំខែ៖ ចំណាយប្រតិបត្តិការប្រចាំខែ សំដៅលើ ចំណាយផ្សេងៗដូចជា៖ ប្រាក់ខែបុគ្គលិក ថ្លៃទឹកភ្លើង សេវាអ៊ីនធើណេត ថ្លៃដើមផលិតផលប្រចាំខែ ចំណាយទីផ្សារ ការផ្សព្វផ្សាយពាណិជ្ជកម្ម និងសេវាដឹកជញ្ជូនជាដើម។ បន្ទាប់ពីយើងអាចគណនា ចំណាយប្រតិបត្តិការប្រចាំខែរូច យើងអាច គណនាចំណុចស្រង់ដើមនិងសិក្សារអំពីលទ្ធភាពអាជីវកម្មរបស់យើងបាន ថាតើលទ្ធភាពក្នុងការលក់ប្រចាំថ្ងៃរបស់យើងបានប៉ុន្មាន អាចទៅរួចដែរឬទេ? ដើម្បីការពារហានិភ័យ យើងត្រូវដើមទុនប្រតិបត្តិការ ប្រចាំខែយ៉ាងហោចណាស់សម្រាប់រយៈពេល០៦ខែ។

 

ការគណនាចំណុចស្រង់ដើម៖ ចំនុចស្រង់ដើមគឺជាចំណុចប្រសព្វនៃ ចំណាយប្រតិបត្តិការប្រចាំខែ ដូចគ្នានឹងចំណូលប្រចាំខែ។ ឧទាហរណ៍៖ យើងលក់ប្រចំាខែបាន ៧៥០ដុល្លា ហើយចំណាយប្រចាំខែ​របស់យើងគឺ៧៥០ដុល្លា។ ប្រសិនបើយើងយកចំណូលដកចំណាយ ៧៥០ដុល្លា- ៧៥០ដុល្លា = ០ មានន័យថា យើងរួចខ្លួន មិនចាំបាច់ដកលុយហោប៉ៅ បើកប្រាក់ខែបុគ្គលិកឬ បង់ថ្លៃផ្ទះ។

 

ផ្ទុយទៅវិញប្រសិនបើយើង លក់បាន ៨៥០ដុល្លា នោះមានន័យ យើងចំណេញ ១០០ដុល្លា បន្ទាប់ផាត់ចំណាយរួច។

 

ការធ្វើផែនការអាជីវកម្ម វាជារឿងសំខាន់ ក្នុងការចាប់ផ្តើមអាជីវកម្ម ដើម្បីអោយយើងអាចវាស់វែង ពីលទ្ធភាពរបស់យើងមុននឹងចាប់ផ្តើមអាជីវកម្ម។ បន្ទាប់ពីធ្វើផែនការអាជីវកម្ម ឃើញថាយើងមិនទាន់មានលទ្ធភាពហិរញ្ញវត្ថុគ្រប់គ្រាន់ ឬមិនមានជំនឿចិត្តគ្រប់គ្រាន់ អ្នកមិនគួរចាប់ផ្តើមអាជីវកម្មទេ គួរអត់ធ្មត់រង់ចំាំពេលវេលា សមរម្យមួយសឹមចាប់ផ្តើម។

 

អត្ថបទរក្សារសិទ្ធិដោយ៖ ឃើរី ទ្បេង

 

យោបល់ (0)

គ្មានការចូល
gif