អ្នកនិពន្ធ

Vun Channa

ធាតុផ្សេងទៀត

Popular Blogs

វត្តសំរោងក្នុង ខេត្ត​បាត់ដំបង

បានប្រកាសនៅ Travel នៅJune 29 2019 at 08:47 PM
ព្រះវិហារដ៏ចំណាស់ ដែលមានអាយុកាលជាង៣០០ឆ្នាំ នៅវត្តសំរោងស្ថិតក្នុងភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ត្រូវបានមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈ ខេត្តបាត់ដំបង កំពង់រៀបចំធ្វើការអភិរក្សទុកជាសម្បត្តិវប្បធម៌ ឬជាសម្បត្តិបេតិកភណ្ឌជាតិ ដើម្បីទាក់ទាញអ្នកទេសចរទៅទស្សនា និងស្រាវជ្រាវ។ តាមព័ត៌មានពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា ក្រសួងចង់អភិរក្ស «ព្រះវិហារចាស់» ដែលមានអាយុកាលរាប់រយឆ្នាំនៅក្នុង វត្តសំរោងក្នុង ទុកជាសម្បត្តិវប្បធម៌ជាតិ ឬជាសម្បត្តិបេតិកភណ្ឌជាតិ ព្រោះវាមានសភាពចាស់ទ្រុឌទ្រោមណាស់ទៅហើយ ក្រែងមិនអាចនៅគង់វង្ស បើមិនបានថែទាំ ឬមិនបានជួសជុលឡើងវិញនៅផ្នែកខ្លះនោះទេ។ វត្តសំរោងក្នុង ស្ថិតក្នុង ភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានផ្ទៃដីទំហំ ២៩,៩៣៧ ម៉ែត្រក្រឡា កសាងនៅកំឡុងពុទ្ធសករាជ ២ ២៥០ គ្រឹស្ដសករាជ ១៧០៧ មកទល់ពេលនេះមានអាយុកាល ៣១១ ឆ្នាំហើយ ។ ដំបូងឡើយ វត្តសំរោងក្នុង គ្រាន់តែជាអាស្រមមួយនៅក្នុងព្រៃស្មសាននាសម័យនោះ ដែលរៀបដោយព្រះសង្ឃធុតង្គមួយអង្គព្រះនាម «ជ័យ»ប៉ុណ្ណោះ។ ជាបន្តបន្ទាប់មកព្រះអង្គបានកសាងព្រះវិហារដ៏ធំមួយធ្វើពីឈើ តែក្រោយមកបានសាងសង់ពីឥដ្ឋបូកបាយអ ប្រក់ក្បឿង សសរឈើ ហើយបានកសាងប្រាសាទផងដែរ ។ សំណង់ទាំងនេះមានបន្សល់ទុកនៅក្នុងបរិវេណវត្តសំរោងក្នុង ហើយបើគិតមកដល់បច្ចុប្បន្នសំណង់ព្រះវិហារចាស់នេះ មានអាយុកាល ៣១១ ឆ្នាំហើយ ។ នៅក្នុងឆ្នាំ១៩៧៥ ដល់ឆ្នាំ ១៩៧៩ វត្តសំរោងក្នុង បានក្លាយជាគុកសម្រាប់ដាក់អ្នកទោសក្នុងរបប «កម្ពុជាប្រជាធិបតេយ្យ» ។ ពួកខ្មែរក្រហមបានយកព្រះវិហារបុរាណនេះ ធ្វើជាកន្លែងឃុំឃាំង ធ្វើទារុណកម្ម និងជាកន្លែងសម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃបំផុត ។ គ្រប់ហេដ្ឋារចនាសម្ព័ន្ធទាំងអស់នៅក្នុងវត្តសំរោងក្នុងត្រូវបានបំផ្លាញទាំងស្រុង ដោយរបបខ្មែរក្រហម ។ ក្រោយថ្ងៃរំដោះ ៧ ខែមករា ឆ្នាំ១៩៧៩ ទាំងប្រជាពលរដ្ឋ ទាំងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងអាជ្ញាធរនាសម័យនោះ បានប្រឹងប្រែងរៀបចំវត្តសំរោងក្នុងឡើងវិញ ដើម្បីជាទីសក្ការបូជាសម្រាប់ពុទ្ធបរិស័ទ និងបានកសាងសមិទ្ធផលបន្តិច ម្ដងៗ រហូតប្រែក្លាយវត្តសំរោងក្នុង ដែលប្រឡាក់ដោយឈាមក្រហមច្រាលក្នុងរបបប៉ុល ពត ឱ្យទៅជាទីអារាមដ៏ល្បីល្បាញនៅក្នុងខេត្តបាត់ដំបង ប៉ុន្តែដោយឃើញព្រះវិហារបុរាណនេះមានសភាពទ្រុឌទ្រោមទើបមានគម្រោង ដាក់ជាបេតិកភណ្ឌជាតិ ដើម្បីទទួលបានការអភិរក្សឱ្យប្រសើរឡើងវិញ[១] ៕

យោបល់ (1)

គ្មានការចូល
gif